ហេង ចន្ថា ​ឱកាស​ប្រជែង​ពាន​កញ្ញាឯក​អន្ដរជាតិ​កាន់​តែ​ខើច​

ភ្នំពេញ: សំណួរ​ងឿង​ឆ្ងល់​ជាច្រើន​ផ្ទុះឡើង​ពេញ​ក្នុង​ទំព័រ​ហ្វេសប៊ុក MISS GRAND CAMBODIA ​ជជីក​សួរ​គ្នាពី​ កញ្ញា ហេង ចន្ថា​ មិន​ទទួល​បាន​ឱកាស​ទៅ​ចូលរួម​ប្រកួត​កញ្ញា​ឯក​នៅ​សហរ​ដ្ឋ​អាមេរិក ផ្ទុយពី​​សេចក្តី​ប្រកាស​។ ​មាន​ការដាក់​ជាចម្ងល់​ឲ្យ​មហាជន​ជួយ​​ពិចារណា​​ លើការ​បដិសេធ​ពី​ស្ថានទូត​អាមេរិក​ចំពោះ​ទិដ្ឋាការ​កញ្ញា​​ ហេង ចន្ថា ទៅវិញ។
តាមការ​ប្រកាស​របស់​ក្រុមហ៊ុន BKA Entertainment ​ម្ចាស់​ជយ​លាភី​លេខ ១ MISS GRAND CAMBODIA 2016 ​កញ្ញា ហេង ចន្ថា នឹង​ឡើង​យន្តហោះ ហោះ​ហើរ​ទៅ​កាន់​ទឹកដី​សហរដ្ឋ​អាមេរិក ទីក្រុង​ឡាស​វ៉េហ្គាស​​ នៅ​ថ្ងៃទី ៨ ខែតុលា​ ​និងត្រូវ​ត្រឡប់​មក​ស្រុក​កំណើត​វិញ​នៅថ្ងៃទី ២៦ ​ខែតុលា​។
ប៉ុន្តែក្តី​រំពឹង​ប្រែជា​រលាយ​សូន្យ​​ដោយ​​ការ​រំខាន​ពី​ស្ថានទូត​អាមេរិក​មួយ​រំពេច​នៅពេល​កញ្ញា ហេង ចន្ថា​ ចូល​សម្ភាស​រួចមិន​ទទួល​បាន​ទិដ្ឋាការ​។ ​តែ​តំណាង​ក្រុមហ៊ុន BKA Entertainment ក៏​អះអាង​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្តី​សង្ឃឹម​នោះ​នៅមាន​ បើថ្ងៃ​ឡើង​យន្តហោះ​នៅមិន​ទាន់​មកដល់។ ​
ព្រម​ជាមួយ​នោះ​ ប្រភព​ពី​ស្ថានទូត​អាមេរិក ​ឲ្យដឹង​ថា ស្ថានទូត​បាន​ទុក​ពេល​ឲ្យនាង​រៀបចំ​ឯកសារ​សា​ជាថ្មី​ បើសិន​ជា​គ្រប់គ្រាន់​តាម​លក្ខន្តិកៈ​នោះ នាង​អាច​នឹង​ទទួល​បាន​ទិដ្ឋាការ។
នៅក្នុង​ទំព័ហ្វេស​ប៊ុក​ផ្លូវការ​ MISS GRAND CAMBODIA នៅ​ថ្ងៃទី៦ ​ខែតុលា​​ម្សិលមិញ​ ក៏ត្រូវ​បាន​មហាជន​ជា​ច្រើន​ ចូល​ទៅ​ចោទ​ជាសំណួរ​សួរពីការ​វិវត្ដ​នៃ​លទ្ធផល​ កញ្ញា ហេង ចន្ថា​ អំពី​ឱកាស​ចូលរួម​ប្រកួត​ MISS GRAND INTERNATIONAL 2016 នៅ The Westgate Las Vegas Resort & Casino ក្នុង​ទីក្រុង​ឡាសវ៉េហ្គាស រដ្ឋ​នេវ៉ាដា សហរដ្ឋ​អាមេរិក។
ពួកគេ​ថា​៖ «សូម​បណ្តា​ប្រិយ​មិត្ត អ្នក​គាំទ្រ​កម្មវិធី​ប្រកួត និង​គាំទ្រ​រូប​នាង​ជួយ​ពិចារណា ក៏ដូច​ជា​ផ្តល់នូវ​ការយល់​ឃើញ ចំពោះ​លទ្ធផល ដែល​ស្ថានទូត​អាមេរិក​បដិសេធ​មិន​ផ្តល់​ទិដ្ឋការ​ឲ្យនាង»។
ទំព័រហ្វេស​ប៊ុក​ផ្លូវការ​ បង្ហាញ​ឲ្យដឹង​បន្ថែម​ពីឯកសារ​ដល់​ទៅបី​ស្ថាប័ន​ធានា កញ្ញា ហេង ចន្ថា និង​បញ្ជាក់​ថា​ នាង​ពិត​ជាបេក្ខ​នារីខ្មែរដែល ចូលរួម​ប្រកួត​ ​MISS GRAND INTERNATIONAL 2016 នៅ The Westgate Las Vegas Resort & Casino ក្នុង​ទីក្រុង​ឡាសវ៉េហ្គាស រដ្ឋ​នេវ៉ាដា សហរដ្ឋ​អាមេរិក​​ ហើយ​ក៏បង្ហាញ​ការ​ចោទ​ជា​សំណួរ​បន្ថែម​ថា ហេតុអ្វី​មន្ត្រី​កុងស៊ុល​សម្រេច​ចិត្ត​មិនផ្តល់​ទិដ្ឋាការ​ដល់​នាង?
នាងថា៖ «ខ្ញុំបា​នបញ្ជាក់​ពី​បំណង​ថា គ្រាន់តែ​ធ្វើដំណើរ​ទៅ​ប្រកួត​នៅ​ទីនោះ ក្នុងនាម​តំណាង​នារី​កម្ពុជា ធ្វើ​ដំណើរ​តាម​កាតព្វកិច្ច​តម្រូវ រួច​ត្រឡប់​មក​វិញ គឺពុំ​មានបំណង​បោះបង់​ចោល​មាតុភូមិ​កម្ពុជា មាតុភូមិ​កំណើត​ទេ»។
យ៉ាងណា​នៅ​ថ្ងៃទី ៦ ខែ​តុលា ​ទំព័រហ្វេស​ប៊ុក​ផ្លូវការ​ MISS GRAND CAMBODIA ​ក៏បង្ហាញ​ពីការ​ផ្សព្វ​ផ្សាយ​ពី​កម្មវិធី​ប្រកួត​ថ្មី​ KHMER SUPER MODEL ជំនាន់​ទី៨ កម្មវិធី​ប្រកួត​សប្តាហ៍​ទី ២ ​តាមរយៈ​កម្មវិធី​ផ្សាយ​ស្ថានីយ​ទូរទស្សន៍ CTN។
ដោយ​ឡែក​នៅក្នុង​បណ្តាញ​សង្គម​ក៏បាន​បង្ហាញ​ដឹងថា ហេតុផល​ស្ថានទូត​អាមេរិក​បដិសេធ​ទិដ្ឋាការ​ចំពោះ​ កញ្ញា ហេង ចន្ថា នោះ​តាមមាត្រា ២១៤(b) «លោក​អ្នក​មិនទាន់​បាន​បង្ហាញ​ថា ​គោល​បំណង​ទៅ​អាមេរិក​សមស្រប​ប្រភេទ​​ទិដ្ឋាការ មិនមែន​អន្តោ​ប្រវេសន៍​ដែល​បាន​ដាក់​ពាក្យ​សុំទេ»៕

ហេង ចន្ថា ​ឱកាស​ប្រជែង​ពាន​កញ្ញាឯក​អន្ដរជាតិ​កាន់​តែ​ខើច​ ហេង ចន្ថា ​ឱកាស​ប្រជែង​ពាន​កញ្ញាឯក​អន្ដរជាតិ​កាន់​តែ​ខើច​ Reviewed by Unknown on October 08, 2016 Rating: 5

No comments:

Flickr Widget

Powered by Blogger.