អង្គការសុខភាពពិភពលោកបារម្ភថា មេរោគហ្ស៊ីកាអាចឆ្លងរាលដាលក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក
អង្គការសុខភាពពិភពលោកបានសំដែងការបារម្ភ នៅថ្ងៃចន្ទនេះថា មេរោគហ្ស៊ីកាទំនងជាអាចឆ្លងរាលដាលក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ សិង្ហបុរីមានមេរោគហ្ស៊ីការាប់រយករណី។ នៅថៃវិញ ករណីទារក២នាក់ដែលកើតមក មានក្បាលតូចនោះ ពិតជាករណីបង្កឡើងដោយមេរោគហ្ស៊ីកាមែន។
យោងតាមអង្គការសុខភាពពិភពលោក មេរោគហ្ស៊ីកាមានវត្តមាននៅ៧៣ប្រទេស ក្នុងពិភពលោក ក្នុងនោះប្រទេសយ៉ាងតិច ចំនួន១៩ ស្ថិតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។អង្គការសុខភាពពិភពលោកបានចេញផ្សាយរបាយការណ៍ជាសាធារណៈមួយ ក្នុងកិច្ចប្រជុំតំបន់នៅក្រុងម៉ានីល ប្រទេសហ្វីលីពីន។ ជារបាយការណ៍រំពឹងថា មេរោគហ្ស៊ីកាអាចឆ្លងរាលដាលច្រើនថែមទៀត ក្នុងតំបន់ នៅតាមប្រទេសដូចជាចិន ជប៉ុន អូស្ត្រាលី បណ្តាប្រទេសអាស៊ីអាគ្នេយ៍ រឺក៏នៅតាមកោះនៅសមុទ្រប៉ាស៊ីហ្វិក។
យោងតាមលោកស្រីMargaret Chan ជាប្រធានអង្គការសុខភាពពិភពលោក ក្រុមអ្នក វិទ្យាសាស្ត្រ នៅមិនទាន់រកឃើញមធ្យោបាយអ្វី ដើម្បីទប់ស្កាត់មេរោគហ្ស៊ីកាទេ។ ពេលនេះ សិង្ហបុរីកំពុងមានករណីមេរោគហ្ស៊ីកាជាង៤០០ករណី។ ហើយមានតិចជាង២០ករណី នៅហ្វីលីពីន វៀតណាម និងម៉ាឡេស៊ី។
មេរោគហ្ស៊ីកាមានវត្តមានក្នុងប្រទេសចំនួន៧៣ គិតតាំងពីឆ្នាំ២០១៥មក ។ មេរោគនេះបានវាយប្រហារអាមេរិកឡាទីន និងតំបន់ការ៉ាអ៊ីប ច្រើនជាងគេ។ ហ្ស៊ីកាឆ្លងតាមរយៈមូសខ្លា និងការរួមភេទ។ ស្ត្រីមានផ្ទៃពោះ ដែលឆ្លងមេរោគនេះ អាចផ្តល់កំណើតទារកដែលមានការលូតលាស់ខួរក្បាលមិនត្រឹមត្រូវ ដែលគេហៅថា ជំងឺក្បាលតូច៕
ប្រភព៖ វិទ្យុបារ៉ាំង
អង្គការសុខភាពពិភពលោកបារម្ភថា មេរោគហ្ស៊ីកាអាចឆ្លងរាលដាលក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក
Reviewed by Unknown
on
October 11, 2016
Rating:

No comments: