កសិកម្ម៖ ដំណាំ​អំពៅ​

I. ស្ថានភាព​ទូទៅ​
​អំពៅ​ជា​ដំណាំ​មួយ​ប្រភេទ ដែល​ប្រជាកសិករ​យើង​ស្គាល់​ស្ទើរ គ្រប់គ្នា​ទាំងអស់ ហើយ​ដំំ​ណាំ​នេះ​ក៏បាន​ដាំ​ដុះ​លើ​ផ្ទៃដី​តូចៗ ស្ទើរ​ពាសពេញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ដែរ ។​
ជាទូទៅ​ប្រជាកសិករ​តែង​និយម​យក​អំពៅ​មក​គា​បយក​ទឹក​សំរាប់​ហូប​ដូចជា​ភេសជ្ជៈ​ធម្មតា ឬ​គេ​និយម​ហូប​ផ្ទាល់​តែម្ដង ។ សារៈសំខាន់​នៃ​ដំណាំ​នេះ​ក្នុងប្រទេស​យើង ក៏ដូចជា​ក្នុង​ពិភពលោក គេ​បាន​កែច្នៃ​ទឹកអំពៅ​យកទៅ​ធ្វើជា​ស្ករស​ដែល​យើង ត្រូវការ​ចាំបាច់​ខានមិនបាន​ជា​រៀងរាល់ថ្ងៃ ។ ក្រៅពី​សារៈសំខាន់​សម្រាប់​ធ្វើ​ស្ករអំពៅ​នៅ​ប្រទេសមួយ​ចំនួន​គេ​បាន​កែច្នៃ​ទឹក អំពៅ​យកទៅ​ធ្វើជា​អាកុល ស្រា និង​ធ្វើជា​ចំណី​សត្វ​ហើយ​ម្យ៉ាងទៀត​កាក​អំពៅ​គេ​បាន​យកទៅ​កៃ​ច្នៃ​ធ្វើជា​ក្រដាស ក្ដារបន្ទះ ។​ល​។ ចំពោះ​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ ដំណាំ​អំពៅ​គឺ​គេ​បាន​កែច្នៃ​ធ្វើ​ស្ករ​ក្នុង​សិប្បកម្ម​តូចៗ​ប៉ុណ្ណោះ​ក្រៅពីនេះ​គឺ ប្រជាកសិករ យើង​និយម​ហូប​ទឹកអំពៅ​ដូចជា​ភេសជ្ជៈ​ធម្មតា​ប៉ុណ្ណោះ ។​

II. តំបន់​ដាំ​ដុះ​
​ជាទូទៅ​កសិករ​យើង​តែងតែ​និយម​ដាំ​ដុះ​អំពៅ​នៅ​តំបន់​តាម​ដង​ទន្លេ ដូចជា​នៅ​ខេត្ត ក្រចេះ កំពង់ចាម កណ្ដាល ព្រៃវែង ក្រៅពី​តំបន់​តាម​ដង​ទន្លេ គេ​អាច​ដាំ​ដំណាំ​នេះ​នៅតាម​តំបន់​ដី​ខ្ពង់រាប ដី​កោះ និង​តាម​ជំរាល​ជើងភ្នំ លើដី​ក្រហម ឬ​ដីខ្មៅ​ដូចជា នៅតាម ជំរាល​ជើងភ្នំ លើដី​ក្រហម ឬ​ដីខ្មៅ​ដូចជា​នៅតាម ខេត្តបាត់ដំបង ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ជាដើម ។​ល​។​
III. បរិស្ថាន​នៃ​ដំណាំ​អំពៅ​
​អំពៅ​ជា​ដំណាំ​មួយ​ប្រភេទ​ដែល​ទាមទារ​កំដៅ​ខ្លាំង​សំរាប់​ការលូតលាស់​ដង​ដើម​ក្នុង​រយៈពេល​លូតលាស់​ដង​ដើម ស្លឹក ដំណាំ​នេះ ទាមទារ​សីតុណ្ហភាព​ខ្ពស់​ជា​មធ្យម ២៥ C ទៅ ៣០ C ក្នុង​រយៈពេល ២៤ ម៉ោង​លើកលែងតែ​ដល់​ដំណាក់កាល កកើត​ស្ករ​គឺ ២ ទៅ ៣​ខែ មុនពេល​កាប់ ទើប​ទាមទារ​សីតុណ្ហភាព​ទាប​ជា​មធ្យម ១៨ ទៅ ២២ អង្សា​សេ ដើម្បី​អាចបង្កើត ជាតិ​ស្ករ​ច្រើន ។​

​ដំណាំ​នេះ​ក៏​ជា​ដំណាំ​មួយ​ដែល​ត្រូវការ​ទឹក​ច្រើន​បង្គួរ​ដែរ ដូច្នេះ​ដើម្បី​ធានា​ឲ្យ​បាន​ផល​ល្អ គឺ​យើង​ត្រូវ​លៃ​យ៉ាងណា​ពេលដែល ដំណាំ​ស្ថិតក្នុង​ដំណាក់កាល​លូតលាស់​ខ្លាំង​អាច​ចំពេល​ដែលមាន​ភ្លៀង​ធ្លាក់​ច្រើន ហើយ​ផ្ទុយទៅវិញ ប្រមាណ​ជា ២ ទៅ ៣ ខែ​មុនពេល​ប្រមូល​ផល​អាច​ចំពេល​ដែលមាន​ភ្លៀង​ធ្លាក់​តិច ឬ​ស្ទើរតែ​គ្មាន​ភ្លៀង​ធា្ល​ក់​ទើប​ជាការ​ប្រសើរ​ក្នុង​ការផ្ដល់​ទិន្នផល ស្ករ​ខ្ពស់ ។​

​ប្រភេទ​ដី ដែល​ល្អ​សម្រាប់​ដំណាំ​អំពៅ គឺ​ដី​ល្បប់​ល្បាយខ្សាច់ មិន​ជាំ​ទឹក ដី​ច្រោះ​ទឹក​ល្អ ដី​ដែលមាន​ជីជាតិ​ល្អ ដែលមាន ស្រទាប់​ទី ១​ជ្រៅ និង​ជា​ដី​ដែលមាន pH 5,5 ទៅ 6,8 ។ ចំពោះ​ប្រទេស​កម្ពុជា​យើង ដី​ដែល​សមស្រប​សម្រាប់​ដំណាំ​នេះ គឺ​ដី​ល្បប់​ល្បាយខ្សាច់​តាម​ដង​ទន្លេ ដីក្រហម និង​ដីខ្មៅ​តាម​តំបន់​ខ្ពង់រាប ។ ដំណាំ​នេះ​ដាំ​បានល្អ​នៅ​លើដី​ស្រទាប់​ទី ១ រាក់ (​ជម្រៅ​ស្រទាប់​ទី ១ រាក់​ជាង ២០ ស​.​ម​) ចំពោះ​ដី​ដែលមាន​ក្រួស​ក្រហម​ច្រើន​នោះ​មិន​សមស្រប​សម្រាប់ ដំណាំ​នេះឡើយ ។​
IV. បច្ចេកទេស​ដាំ​ដុះ និង​ថែរក្សា​:ក​. រដូវ​កាល​ដាំ​ដុះ​
- តំបន់​តាម​ដង​ទន្លេ​
​ជាទូទៅ​គេ​អាច​ចាប់ផ្ដើម​ដាំ​ក្នុងអំឡុងពេល​ខែវិច្ឆិកា ធ្នូ រហូតដល់​ចុងខែ​មករា ហើយ​ប្រមូល​ផល​នៅ​អំឡុង​ខែសីហា កញ្ញា មុនពេល​ទឹក​ឡើង​លិច​ចំការ ។ ការប្រមូល​ផល​នៅក្នុង​អំឡុង​ខែ​នេះ គឺជា​ទូទៅ​គេ​យក​អំពៅ​សម្រាប់​គាប​យក​ទឹក​ហូប ។ ចំពោះ​ការដាំដុះ​សម្រាប់ធ្វើ​ស្ករ ត្រូវ​ប្រមូល​ផល​ក្នុងអំឡុង​ខែវិច្ឆិកា ធ្នូ ឬ​មករា គឺ​ចំពេល​ដែលមាន​សីតុណ្ហភាព​ទាប ។ ដូច្នេះ ដំណាំ​អាចមាន​អាយុ​ដល់​ទៅ ១១ ខែ ឬ ១២ ខែ និង​អាច​ដល់ ១៣​ខែ ។​
- តំបន់​ខ្ពង់រាប​
​ចំពោះ​តំបន់​នេះ​គេ​អាច​ចាប់ផ្ដើម​ដាំ​ក្នុងអំឡុង​ខែ មេសា ពេល​ដែលមាន​ភ្លៀង​ធ្លាក់​ដំបូង​ហើយ​គេ​អាច​ប្រមូល​ផល​ក្នុងអំឡុង ខែមករា និង​កុម្ភៈ ។ ដូច្នេះ​ការប្រមូល​ផល​ក្នុង​ខែ​នេះ​ដំណាំ​អាចមាន​អាយុប្រមាណ​ជាង ១០ ខែ ។​

​ខ​. ការរៀបចំ​ដី​
​ការ​ភ្ជួរ​រាស់​ជាទូទៅ​ចំពោះ​ដំណាំ​អំពៅ​ក៏​ប្រហាក់ប្រហែល និង​ដំណាំ​ចំការ​ផ្សេងៗ​ទៀត​ដែរ ។ ការ​ភ្ជូ​រ​រាស់​ធ្វើឡើង​ក្នុង​គោល បំណង​ដើម្បី​ជ្រុំ​ជ្រួយដី​ឲ្យ​ផុស​ល្អ​ដែល​អាច​បង្ក​ឲ្យ​ដំណាំ​ដុះ​លូ​លាស់​ឆាប់ ម្យ៉ាងទៀត​តាមរយៈ​ការរៀបចំ​ដី​យើង​អាច​សម្លាប់ ស្មៅ​សត្វល្អិត និង​ជម្ងឺ​មួយចំនួន ។ ជាធម្មតា​គេ​អាច​ភ្ជួរ ២​សោរ និង​រាស់​ជ្រួយដី ២ ទៅ ៣​សារ ដើម្បី​ឲ្យ​ដី​ផុស​ល្អ ។ លក្ខណៈពិសេស នៃ​ការ​ភ្ជួរ​រាស់​គឺ​ការ​ភ្ជួរ​លើក​ទី ១ គេ​ធ្វើ​នៅពេលដែល​ទឹក​ស្រក​ចុះ​ផុតពី​ចំការ (​ចំពោះ​តំបន់​មាត់ទន្លេ​) បន្ទាប់មក​គេ​ទុក​ដី​ហាល​ចោល​រយៈពេល​ប្រមាណ ១០​ថ្ងៃ ហើយ​ចាប់ផ្ដើម​ភ្ជួរ​លើក​ទី ២ បន្ទាប់ពី​ការ​ភ្ជួរ​លើក​ទី ២ ត្រូវ​រាស់ ដី​ឲ្យ​បាន​ម៉ត់​ល្អ ។ ចំពោះ​តំបន់​ខ្ពង់រាប​វិញ គេ​បានចាប់ផ្ដើម​ភ្ជួរ​ដី​លើក​ទី ១ ប្រមាណ​ជា ១ ទៅ ២ ខែ មុនពេល​ដាំ ។ បន្ទាប់មក​ពេលដែល​មាន​ភ្លៀង​ធ្លាក់​ល្មម ហើយ​គេ​អាច​ភ្ជួរ​លើក​ទី ២ រួច​រាស់​ឆូត​រង ឬ​កាប់​រណ្ដៅ និង​ចាប់ផ្ដើម​ការដាំដុះ​តែ ម្ដង ។​ 
 
គ​.​របៀប​ដាំ​

​ការដាំ​អំពៅ​គេ​អាច​ធ្វើបាន​ច្រើនយ៉ាង​គឺ គេ​អាច​បណ្ដុះ​កូន​ជាមុនសិន ឬក៏​ដាក់​ដាំ​កំណាត់​ដើម​ដែលមាន​ភ្នែក​តែម្ដង ។​
+ ការបណ្ដុះ​កូន​
- វិធី​នេះ​គឺ​គេ​បណ្ដុះ​កូន​ជាមុនសិន ហើយ​ត្រូវបាន​គេ​យកទៅ​ដាំ​នៅ​ចំការ​ពេលដែល​កូន​នោះ​លាស់​បាន​ធំ​ល្មម (​អាយុប្រមាណ​ជា ១​ខែ ) វិធី​នេះ​គេ​ច្រើន​អនុវត្ត​ចំពោះ​ការដាំ​ក្នុង​រណ្ដៅ ។​

- ជាដំបូង​គេ​ត្រូវ​កាត់​ជា​កំណាត់​ខ្លីៗ ដែលមាន​ថ្នាំ​មួយៗ រួចហើយ​គេ​ដាក់​តំរៀប​គ្នា​ក្នុង​ថ្នាល​មួយ​ក្បែរ​ប្រភពទឹក​ដើម្បី​ងាយ ស្រួល​ក្នុងការ​ស្រោចស្រព ។​
- កំណាត់​ដើម​អំពៅ​ដែល​គេ​តំរៀប​គ្នា​នោះ​មិនត្រូវ​លុប​ដី​ឲ្យ​ជិត​តែម្ដង​ទេ ហើយ​ត្រូវដាក់​ភ្នែក​ថ្នាំងអំពៅ​នៅលើ ដើម្បី​បង្ក ការងាយស្រួល​ក្នុងការ​ដុះ​ពន្លក ហើយ​ដើម្បី​ឲ្យ​កាន់តែ​ប្រសើរ​ត្រូវ​គ្រប​ចំបើង​ពីលើ ។​
- ជាទូទៅ​គេ​ត្រូវ​ស្រោច​ទឹក​មួយថ្ងៃ​ម្ដង ដើម្បី​ឲ្យ​កូន​អំពៅ​នោះ​លូតលាស់​បានល្អ ។ ពេលដែល​កូន​អំពៅ​នោះ​លាស់​បានល្អ​មាន ទំហំ​ដើម​ប៉ុន​ម្រាម​ដាំ ហើយ​ដែលមាន​អាយុប្រមាណ​ជា ១ ខែ​ទើប​គេ​យកទៅ​ដាំ​នៅ​ចំការ ។​
- ការដាក់​ដាំ​កំណាត់​ដើម​: វិធី​នេះ​គេ​អនុវត្តន៍​ចំពោះ​ដីចំការ​ធំៗ​ដែល​ជួនកាល​ការកាប់​រណ្ដៅ​អាច​ត្រូវ​ចំណាយ​ថវិការ​ច្រើន ។ ការដាំដុះ​តាម​វិធី​នេះ​គេ​អាច​អនុវត្តន៍​បាន​ពេលដែល​ចំការ​មាន​ដី​សើម​ល្មម ។ វិធី​នេះ​អាច​ចំណាយ​ទុន​តិច និង​ឆាប់រហ័ស​ទៀតផង ប៉ុន្តែ​វា មានគុណ​វិប្បត្តិ​ម្យ៉ាង គឺអាច​បណ្ដាល​ឲ្យ​ដើម​ដុះ​មិន​បានល្អ​ក្នុង​ចំការ​ពេលដែល​ពុំមាន​ភ្លៀង ធ្លាក់​គ្រប់គ្រាន់ ។​
- ការ​ត្រៀប​ពូជ​
​ជាទូទៅ​គេ​កាត់​ពូជ​ជា​កង់ៗ​មាន ៣​ថ្នាំ និង​ភ្នែក ៣ ល្អៗ ។ ដើម​ដែល​ជ្រើសរើស​យកមក​ធ្វើជា​ពូជ​ជាដើម​ដែលមាន​អាយុ ប្រមាណ​ជា ៧​ខែ ទើប​ជា​ពូជ​ដែល​មានគុណ​ភាពល្អ ។ មិន​ត្រូវយក​ផ្នែក​ខាង​គល់​ពេក ឬ​ចុង​ពេក​មក​ធ្វើ​ពូជ​ឡើយ ព្រោះ​វា អាច​ដុះ​មិនសូវ​ល្អ ។ ម្យ៉ាងទៀត​ជៀសវាង​យក​ដើម​ណា​ស្គម​ហើយ​មាន​កើត​ជម្ងឺ ។ កំណាត់​ដើម​អំពៅ ដែល​គេ​យកមក​ធ្វើ ពូជ​ដាំ​រួមមាន​៖ ថ្នាំង និង​ភ្នែក (​ពន្លក​) ៣​ល្អ ។​
- មុនពេល​ដាំ​គេ​ត្រូវ​ឆូត​រង ឬ​គន្លង ដែលមាន​ចន្លោះ​ឃ្លាត​ពីគ្នា ០,៩០​ម ទៅ​១,២០​ម ។ រួចហើយ​គេ​បោះ​ពូជ​ទៅ​បា​តរង ហើយ​គេ​ត្រូវ​រាស់​លុប ឬ​ឆូត​លុប​តែម្ដង ។​
- ក្នុង​ការបោះ​ពូជ គេ​អាច​បោះ​កំណាត់​ពូជ​នូវ​ចន្លោះ​ឃ្លាត​ពី​ពូជ​មួយ​ទៅ​ពូជ​មួយ ឬ​ពី​គុម្ព​មួយ​ទៅ​គុម្ព​មួយ​ឃ្លាត​ពីគ្នា​ប្រមាណ ជា ០,៥០ ទៅ ០,៦០ ម ។​
- វិធី​ម្យ៉ាងទៀត​គេ​អាច​បោះ​ទាំង​ដើម​វែង តែម្ដង​រួចហើយ​គេ​កាប់​ដើម​ជា​កង់ៗ​ក្នុង​ចំការ​តែម្ដង ។​

- ការដាំ​ក្នុង​រណ្ដៅ​: ចំពោះ​ការដាំ​ក្នុង​រណ្ដៅ គឺ​គេ​ដាក់​ក្នុង​មួយ​រណ្ដៅ​ពីរ​កំណាត់​ពូជ ។ នៅ​បាត​រណ្ដៅ​គេ​ដាក់​ជីធម្មជាតិ​លាយ ជាមួយ​ជីគីមី​បន្តិច​គឺ​ប្រមាណ​ជា ៥០ ក្រាម​ជីគីមី និង​ជីធម្មជាតិ​ប្រមាណ​ជា ០,៥ ទៅ ១,០ គ​.​ក្រ ក្នុង​មួយ​រណ្ដៅ ។ ចន្លោះ ឃ្លាត​នៃ​រណ្ដៅ ១​ម x ០,៨​ម និង​ទំហំ ០,៣៥​ម បួន​ជ្រុង ដែលមាន​ជំរៅ​ប្រមាណ​ជា ៣០ ស​.​ម ។ ការដាំ​ដោយ​ដាក់​កំណាត់​ដើម​នេះ មាន​លក្ខណៈ​ងាយស្រួល​ម្យ៉ាង​គឺ​យើង​ចំណាយ​ទុន​តិច ពុំ​ចាំបាច់​ធ្វើការ​ស្រោចស្រព ហើយ​ដំណាំ​អាច​ដុះ​លូតលាស់​បាន​អាស្រ័យ​ទៅដោយ​ទឹក​ក្នុង​ដី និង​ទឹកភ្លៀង​ធ្លាក់ ។ នៅ​ប្រទេស​កម្ពុជា​យើង កសិករ​និយម ដាំ​អំពៅ​ម្ដង​ហើយ​ប្រមូល​ផល​ម្ដង ។ នៅ​ប្រទេស​គេ​ភាគច្រើន​ពេលដែល​គេ​ដាំ​លើ​ចំការ​ធំៗ​គេ​ដាំ​ម្ដង​ហើយ​គេ​អាច​ប្រមូល ផល​រហូតដល់ ៣​ទៅ ៤​ដង ក្នុងអំឡុងពេល ៥​ឆ្នាំ ។ នៅ​ប្រទេស​ជឿនលឿន​ខ្លះទៀត​មាន​ចំការ​អំពៅ ដែលមាន​អាយុ​រហូត ដល់​ទៅ ១០​ទៅ ១៥​ឆ្នាំ ហើយ​គេ​អាច​ប្រមូល​ផល​បាន​ពី ៨ ទៅ ១២ ដង ។​
ឃ​. ការដាក់​ជី​: ដំណាំ​អំពៅ​ជា​ដំណាំ​មួយ​ប្រភេទ​ដែល​ត្រូវការ​ជី​ច្រើន​គួរសម​ក្នុងចំណោម​ជីជាតិ​ចិញ្ចឹម​សំខាន់ៗ ដំណាំ​អំពៅ ត្រូវការ​ជី​ប៉ូ​តា​ស្យូ​ម ច្រើនជាងគេ​ព្រោះ​ដំណាំ​អំពៅ​ជា​ដំណាំ​មួយ​ដែល​បង្កើត​ជាតិ​ស្ករ ។ បរិមាណ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែល​ត្រូវ ដាក់​ស្ទើរ​ស្មើនឹង​ជី​អា​ហ្សូ​ត​ដែរ ។ ចំពោះ​លក្ខខណ្ឌ​ប្រទេស​កម្ពុជា​យើង​ដែល​កសិករ​ដាំ​មួយឆ្នាំ​តែម្ដង និង​ប្រមូល​ផល​តែម្ដង នោះ គឺ​យើង​អាច​ណែនាំ​ឲ្យ​កសិករ​យើង​ដាក់​ជី ១៥.១៥.១៥ ប្រមាណ ២០០ គ​.​ក្រ​/​ហ​.​ត ។ បើ​ករណី​យើង​ដាំ​អំពៅ​សំរាប់ ធ្វើ​ស្ករ ដូច្នេះ​យើង​ត្រូវដាក់​ជីគីមី​នូវ​បរិមាណ​ជា ៤០០ គ​.​ក្រ ជី ១៥.១៥.១៥ ក្នុង​មួយ​ហ​.​ត ដើម្បី​ធានាបាន​ទិន្នផល​ស្ករ​ច្រើន ។ ការដាក់​ជី​លើ​ដំណាំ​អំពៅ​ជាទូទៅ គឺ​គេ​ដាក់​តែម្ដង​ប៉ុណ្ណោះ​នៅពេល​ដាំ ហើយ​គេ​កម្រ​នឹងដាក់ ជីអ៊ុយរ៉េ​បំប៉ន​ម្ដងទៀត ណាស់ ព្រោះ​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ទិន្នផល​ស្ករ ។ ក្នុងករណី​ចំការ​ដែល​យើង​ដាំ​ម្ដង​ហើយ​ធ្វើការ​ប្រមូល​ផល​ពី ២ ទៅ ៣ ដងនោះ​ការដាក់​ជី​ត្រូវដាក់​ក្រោយពេល​ប្រមូល​ផល​លើក​ទី ១​ជាថ្មី​ម្ដងទៀត​នូវ​បរិមាណ​ជី​ដូច​ទៅនឹង​ការដាក់ នៅពេល​ដាំ ប៉ុន្តែ​ត្រូវ​បន្ថែម​ជីអ៊ុយរ៉េ​មួយកំរិត​ថែមទៀត​គឺ​ប្រមាណ​ពី ៥០ ទៅ ១០០ គ​.​ក្រ​/​ហ​.​ត ដើម្បី​ជំនួយ​ដល់​ការ​ដុះ​លូត លាស់​របស់​កូន​អំពៅ​ថ្មី ។​

ង​. ការសំអាត​ស្មៅ​: ការសំអាត​ស្មៅ​មាន​សារៈប្រយោជន៍​ណាស់​សំរាប់​ដំណាំ​អំពៅ ។​ការសំអាត​ស្មៅ​គេ​ត្រូវ​ចាប់ផ្ដើម​អនុវត្ត ចាប់ពី​ពេលដែល​យើង​ដាំ​រហូតដល់​ដើម​អំពៅ​មាន​អាយុ ៤៥​ថ្ងៃ គឺអាច​បណ្ដាល​ឲ្យ​ថយចុះ​ទិន្នផល​ស្ករ​រហូតដល់ ១២% បើ​ធៀប​ទៅនឹង​ចំការ​ដែល​គ្មាន​ស្មៅ ។ ត្រូវ​ពូន​គល់ ដើម្បី​ជំនួយ​ដល់​ការលូតលាស់​នៃ​ខ្នែង​អំពៅ ដែលជា​កត្តា​មួយ​យ៉ាង សំខាន់​ក្នុង​ការផ្ដល់​ទិន្នផល ។ ការ​ជំ​រះ​ស្មៅ គឺ​យើង​អាចធ្វើ​ដោយ​ចប ហើយ​ចំពោះ​ដីចំការ​ធំ គេ​អាចធ្វើ​ដោយ​គ្រឿងយន្ត ។ ចំពោះ​ប្រទេស​កម្ពុជា​យើង​ពេលដែល​គេ​ដាំ​នៅ​រដូវ​ទឹកសំរក ក្នុង​ខែវិច្ឆិកា ធ្នូ ជាដំបូង​គេ​អាច​ជំ​រះ​ស្មៅ​មួយដង ឬ​ពីរដង​ហើយ រហូត​ដល់ពេល​ធ្លាក់ភ្លៀង ស្មៅ​ដុះ​ថ្មី​ទើប​គេ​ជំ​រះ​ម្ដងទៀត ។​


V. ការប្រមូល​ផល​
ការប្រមូល​ផលដំណាំ​អំពៅ​នៅ​ប្រទេស​កម្ពុជា​យើង គឺ​គេ​អាចធ្វើ​ឡើង​ដោយ​យោងតាម​លក្ខខណ្ឌ​អាកាសធាតុ និង​ទីផ្សារ ។ ប៉ុន្តែ​ជាទូទៅ​គេ​ប្រមូល​ផល​ពេលដែល​ដំណាំ​មាន​អាយុប្រមាណ​ជា ១០​ទៅ ១៣ ខែ​បន្ទាប់ពី​ដាំ ។ ចំពោះ​ការដាំ​អំពៅ​សម្រាប់ គ្រាន់តែ​លក់​ដើម្បី​គាប​ទឹក​ហូប ការប្រមូល​ផល​ពុំ​សូវ​មាន​បញ្ហា​អ្វី​ចោទឡើង​ទេ គឺ​គេ​អាច​ប្រមូល​ផល​ក្នុងអំឡុង​ខែកញ្ញា គឺ​ពេល​អំពៅ​មាន​អាយុ ១០​ខែ​មុនពេល​ទឹក​លិច ថ្វីត្បិតតែ​ក្នុង​ពេលនេះ​ក្នុង​ដើម​ពុំ​សូវ​មាន​ជាតិ​ស្ករ​ក៏ដោយ ។ ចំពោះ​ការដាំដុះ អំពៅ​សំរាប់ធ្វើ​ស្ករ ពេលវេលា​នៃ​ការប្រមូល​ផល​គឺ​ក្នុងអំឡុងពេល​ខែធ្នូ ឬ មករា ព្រោះ​ត្រឹម​ខែ​នេះ​អំពៅ​មាន​អាយុ​ពី ១២ ទៅ ១៣ ខែ និង​ជា​ពេលដែល​អាកាសធាតុ​ត្រជាក់ ហើយ​អំពៅ​មាន​ជាតិ​ស្ករ​ច្រើន ។ ការប្រមូល​ផល​នៅ​ចំការ​ធំៗ​ជួនកាល​គេ​ដុត ចំការ​ជាមុនសិន​ទើប​គេ​កាប់​ដើម​អំពៅ ក្នុងករណីនេះ គេ​ត្រូវ​កាប់​អំពៅ​ភ្លាម និង​ប្រញាប់​យកទៅ​រោងចក្រ​ព្រោះ​បើ​ទុកចោល លើសពី ៣ ថ្ងៃ​អាច​បណ្ដាល​ឲ្យ​ខូចគុណភាព​ស្ករ ៕ ប្រភពពី: ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ
កសិកម្ម៖ ដំណាំ​អំពៅ​ កសិកម្ម៖ ដំណាំ​អំពៅ​ Reviewed by Unknown on October 12, 2016 Rating: 5

No comments:

Flickr Widget

Powered by Blogger.