ប្លន់​ទៀត​ហើយ​...​រឿង​ប្លន់​ដ៏​ចម្លែក​នេះ​មិន​ទាន់​ជឿ​នៅឡើយ​ទេ

រាជធានី​ភ្នំពេញ ៖ ប្រធាន​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ប៉ា​ស៊ី​ហ្វិ​ច រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា ត្រូវ​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​ចាប់​រុញ​ចូល​ក្នុង​រថយន្ត ហើយ​បិទមុខ​ជិត​ប្លន់​យក​ប្រាក់ និង​គ្រឿងអលង្ការ​អស់ពី​ខ្លួន មាន​តម្លៃ​ប្រមាណ​ជាង ៣​ម៉ឺន​ដុល្លារ និង​ឱ្យ​ផ្តិត​មេដៃ​ធ្វើ​ជា​លក់​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX 330 មួយ​គ្រឿង​ទៀត រួច​ដឹក​យក​ទៅ​ទំលាក់​ចោល ។
ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៥​និង​១៥​នាទី​ល្ងាច​ថ្ងៃ​ទី​១១ តុលា នៅ​ខាងជើង​រង្វង់​មូល​កាំ​កូ​ស៊ី​ធី ក្នុងភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ខណៈ​ពេល​ដែល​ជន​ដៃដល់​បណ្តេញ​ឱ្យ​ចុះ​ពី​រថយន្ត ។ ទោះបីជា​យ៉ាងណា សមត្ថកិច្ច​នៅ​មិន​ទាន់​ជឿ​រឿង​បែប​នេះ​ទាំងស្រុង​ទេ ដោយ​មានការ​សង្ស័យ​ថា ប្រហែលជា​គាត់​លង់ខ្លួន​នឹង​ល្បែង ហើយ​ប្រឌិត​រឿង​នេះ​ឡើង តែ​មិន​មាន​ប្រភព​ផ្លូវការ​ណាមួយ​បំភ្លឺ​ឱ្យ​ច្បាស់លាស់​ជាង​នេះ​ទេ ។ ជន​រង​គ្រោះ​ដែល​អះអាង​ថា ត្រូវ​ចោរប្លន់​នោះ​ឈ្មោះ សៀង សុ​ខន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជា​ប្រធាន​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ប៉ា​ស៊ី​ហ្វិ​ច មាន​ទីលំនៅ​ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។
ប្រធាន​ក្រុមហ៊ុន​ដឹក​ជញ្ជូន​រូប​នោះ​បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ចំនួន ៤​នាក់ ជិះ​រថយន្ត​ហ្វ​ដ ពណ៌​ខ្មៅ​មួយ​គ្រឿង ធ្វើ​សកម្មភាព​ចាប់​ក្រៀក​ចូល​រថយន្ត ខណៈ​ពេល​ដែល​គាត់​ចេញពី​ផឹក​កាហ្វេ នៅ​ហាង JOMA នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៣៧ ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក ។
តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា នៅ​វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់​ទី​១១ តុលា ប្រធាន​ក្រុមហ៊ុន​រូប​នោះ បាន​ជិះ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX 330 ពណ៌​ស មាន​ស្លាក​លេខ​ភ្នំពេញ​២AJ.១២៣៩ មួយ​គ្រឿង តែ​ម្នាក់ឯង​មក​ផឹក​កាហ្វេ​នៅ​ចំណុច​ខាងលើ ។ លុះដល់​វេលា​ម៉ោង​ប្រមាណ​២​រសៀល​ពេល​ដែល​ចេញពី​ហាង ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់ បាន​ចាប់​ក្រៀក​គាត់​ចូល​ក្នុង​រថយន្ត​ម៉ាក​ហ្វ​ដ ពណ៌​ខ្មៅ​មួយ​គ្រឿង និង​មាន​២​នាក់​ផ្សេង​ទៀត​ចាំ​នៅ​ក្នុង​រថយន្ត ។  ភ្លាម​នោះ​ជនសង្ស័យ​ម្នាក់​ក៏​យក​សោ​ចុះ​ទៅ​បើករថយន្ត​របស់​ជន​រង​គ្រោះ បើក​តាម​ពីក្រោយ​រថយន្ត​ហ្វ​ដដែល​ចាប់​ម្ចាស់​ទៅ​នោះ ។
ជន​រង​គ្រោះ​បាន​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ថា គាត់​ត្រូវ​ជនសង្ស័យ​ចាប់ចង​មុខ ហើយ​ដោះ​យក​នាឡិកា​ម៉ាក​រ៉ូ​ឡិច ដាំ​ពេជ្រ​ដែល​មាន​តម្លៃ​ប្រមាណ​២៥០០០​ដុល្លារ ទូរស័ព្ទ​ចំនួន​២​គ្រឿង និង​ប្រាក់​ចំនួន​៧០០០​ដុល្លារ ដែល​សរុប​ប្រមាណ​ជាង​៣​ម៉ឺន​ដុល្លារ ហើយ​បាន​គំរាម​ឱ្យ​ផ្តិត​មេដៃ​ធ្វើ​ជា​ទិញ​លក់​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​មួយ​គ្រឿង​ឱ្យទៅ​ពួក​គេ​ទៀត​ផង ។
តាម​ព័ត៌មាន​បានឱ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​ពុំ​បានដឹង​ថា ជន​ទាំងនោះ​ដឹក​គាត់​ទៅ​កន្លែង​ណាខ្លះ​នោះ​ទេ ស្រាប់តែ​នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​៥​ល្ងាច ឱ្យ​គាត់​ចុះ​ពីលើ​រថយន្ត​នៅ​ក្បែរ​រង្វង់​មូល​កាំ​កូ​ស៊ី​ធី ក៏​មានការ​ភ្ញាក់ផ្អើល​ហើយ​សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​នាំ​ទៅ​សាកសួរ​នៅ​ខណ្ឌទួលគោក​តែ​ម្តង ។
តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​មាន​ដាក់​ការ​សង្ស័យ​ថា​ជា​រឿងប្រឌិត ព្រោះ​នៅ​ក្នុង​សកម្មភាព​ចាប់ចង​មុខ​ដាក់​ក្នុង​រថយន្ត​នេះ ជន​ដៃដល់​ក៏​បានឱ្យ​ជន​រង​គ្រោះ​ទូរស័ព្ទ​ប្រាប់​ប្អូន ឱ្យ​យក​ប័ណ្ណ​សំគាល់​យានយន្ត​មក​ឱ្យ និង​បានឱ្យ​ផ្តិ​ទ​មេដៃ​លក់​រថយន្ត​នោះ​ជាមួយ​ផង​ដែរ​។ ទោះបីជា​យ៉ាងណា សមត្ថកិច្ច​នគរបាល​ខណ្ឌទួលគោក​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ ជុំវិញ​ហេតុការណ៍​ប្លន់​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នេះ​ថា តើ​វា​បាន​កើតឡើង​ដោយ​របៀប​ណា ? តើ​មាន​បង្កប់​ដោយ​អា​ថ៍កំ​បាំង​អ្វីខ្លះ បានជា​កើត​ចេញ​នូវ​រឿង​ដែល​មិន​គួរ​កើត ពិបាក​ឱ្យ​ជឿ​តាម​នោះ ? ចាំ​មើល​ទៀត​តើ​រឿង​នេះ​វា​នឹង​ទៅ​ជា​យ៉ាងណា ?
 
ប្រភព៖​ កោះសន្តិភាព
ប្លន់​ទៀត​ហើយ​...​រឿង​ប្លន់​ដ៏​ចម្លែក​នេះ​មិន​ទាន់​ជឿ​នៅឡើយ​ទេ ប្លន់​ទៀត​ហើយ​...​រឿង​ប្លន់​ដ៏​ចម្លែក​នេះ​មិន​ទាន់​ជឿ​នៅឡើយ​ទេ Reviewed by Unknown on October 12, 2016 Rating: 5

No comments:

Flickr Widget

Powered by Blogger.