ថៃ៖​ព្រះចៅ​ភូមិបុល អាប់ឌុលយ៉ាដេត​សោយទិវង្គត​ក្នុង​ព្រះជន្ម ៨៨ព្រះវស្សា


ប្រទេស និង​ប្រជារាស្រ្ត​ថៃ​ទើប​បាន​បាត់បង់​ព្រះមហាក្សត្រ​ព្រះចៅ ភូមិបុល អាប់ឌុលយ៉ាដេត។ ព្រះអង្គ​បាន​សោយ​ទិវង្គត​នៅ​ក្នុង​មន្ទីរពេទ្យ​ស៊ីរីរ៉ា​នា​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ តុលា​ក្នុង​ព្រះជន្ម ៨៨ព្រះវស្សា។ លោក​នាយករដ្ឋមន្រ្តី​ថៃ​ប្រាយុទ្ធ ចាន់អូចា​បាន​ប្រកាស​ឲ្យ​ដឹង​ភ្លាមៗ​ថា ពិធី​កាន់​ទុក្ខ​ព្រះបរមសព​ព្រះចៅ​ភូមិបុល​នឹង​ត្រូវ​ធ្វើ​រយៈពេល ១ឆ្នាំ ហើយ​រាល់​កម្មវីធី​ផ្សេងៗ​នឹង​ត្រូវ​កាត់បន្ថយ​រយៈពេល ១ខែ។ ទន្ទឹម​គ្នា​នេះ លោក​ចាន់អូចា​ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ថា រាជទាយាទ​ម៉ាហា វិជ្ជរ៉ាឡុងកន​នឹង​ឡើង​សោយរាជ្យ​ជា​មហាក្សត្រ​ថ្មី។
ដំណឹង​សោយ​ទិវង្គត​ព្រះចៅ​ភូមិបុល អាប់ឌុលយ៉ាដេត​ក្នុង​មន្ទីរពេទ្យ​ស៊ីរីរ៉ា​ត្រូវ​បាន​ប្រកាស​ដោយ​ព្រះបរមរាជវាំង​តាម​រយៈសេចក្តីជូនដំណឹង​មួយ។ ភ្លាមៗ​នោះ គ្រប់​កាណាល់​ទូរទស្សន៍​ក្នុង​ស្រុក​ទាំង​អស់​ក៏​បាន​ផ្អាក​កម្មវិធី​ផ្សាយ​ធម្មតា​របស់​ខ្លួន​ដោយ​បង្ហាញ​លើ​អេក្រង់​ជា​ពណ៌ប្រផះ។ ចំណែក​ប្រជារាស្រ្ត​ថៃ​ជា​ច្រើន​រាប់រយ​នាក់​មាន​កាន់​ទង់រាជានិយម​ពណ៌​ផ្កាឈូក និង​លឿង​ដែល​បាន​នាំ​គ្នា​ទៅ​បន់ស្រន់​នៅ​ក្នុង និង​ក្រៅ​បរិវេណ​មន្ទីរពេទ្យ​ស៊ីរីរ៉ា​ក៏​បាន​នាំ​គ្នា​លុតជង្គង់ ក្រាប​ទ្រហោយំ​គ្រប់ៗ​គ្នា។

សូម​ជម្រាប​ជូន​ថា មាន​ព្រះជន្ម ៨៨ព្រះវស្សា ព្រះចៅ​ភូមិបុល​ត្រូវ​បាន​ប្រជារាស្រ្ត​ថៃ​ទូទៅ​គោរព​ដូច​ជា​ព្រះអាទិទេព។ ព្រះអង្គ​បាន​ឡើង​សោយរាជ្យ​ក្នុង​ឆ្នាំ ១៩៤៦ បន្ទាប់​ពី​ការ​សោយទិវង្គត​យ៉ាង​អាថ៌កំបាំង​របស់​បងប្រុស​ព្រះអង្គ ហើយ​តាំង​ពី​ពេល​នោះ​មក ប្រជារាស្រ្ត​ថៃ​មិន​ដែល​ធ្លាប់​ស្គាល់​មហាក្សត្រ​អង្គ​ណា​ផ្សេង​ទេ។ តាំង​ពី​២ឆ្នាំ​កន្លង​ទៅ​នេះ ព្រះចៅ​ភូមិបុល​ដែល​មាន​ជម្ងឺ​រលាតសួត និង​ទឹក​ក្នុង​ខួរក្បាល​បាន​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ជា​ប្រចាំ និង​ដែល​ជិត ១ឆ្នាំ​កន្លង​ទៅ ព្រះអង្គ​មិន​ដែល​បាន​បង្ហាញ​ព្រះភក្រ្ត​ជា​សាធារណៈ​ទេ។

លោក​នាយករដ្ឋមន្រ្តី​ប្រាយុទ្ធ ចាន់អូចា​បាន​ប្រកាស​ឲ្យ​ដឹង​ភ្លាមៗ​ក្នុង​ថ្ងៃ​សោយទិវង្គត​ព្រះចៅ​ភូមិបុល​ថា ការ​កាន់ទុក្ខ​ព្រះបរមសព​នឹង​ត្រូវ​ធ្វើ​ក្នុង​រយៈពេល ១ឆ្នាំ ហើយ​គ្រប់កម្មវិធី​ផ្សេងៗ​ជា​សាធារណៈ​នឹង​ត្រូវ​កាត់​បន្ថយ​រយៈពេល ១ខែ។ ទន្ទឹម​គ្នា​នេះ លោក​ប្រាយុទ្ធ ចាន់អូចា​ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ថា រាជទាយាទ​ម៉ាហា វិជ្ជរ៉ាឡុងកន​ដែល​មាន​ព្រះជន្ម ៦៤ព្រះវស្សា​នឹង​ឡើង​សោយរាជ្យ​ជា​មហាក្សត្រ​ថ្មី។ សូម​ជម្រាប​ជូន​ថា​មក​ទល់​សព្វថ្ងៃ​នេះ រាជទាយាទ​ម៉ាហា វិជ្ជរ៉ាឡុងកន​បាន​គង់នៅ​ក្នុង​ទឹកដី​អាល្លឺម៉ង់​ច្រើន​ជាង​ក្នុង​ទឹកដី​ថៃ។

នៅ​ក្នុង​ប្រទេស​ថៃ ក្រុមគ្រួសារ​រាជវង្ស​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​យ៉ាង​តឹងរឹង​ជា​ទីបំផុត​មួយ​ក្នុង​លោក។ រាល់​ទង្វើ​ទាំងឡាយ​ណា​ដែល​មាន​លក្ខណៈ​ប្រមាថ ឬ​ដៀមដាម​លើ​ក្រុម​គ្រួសារ​រាជវង្ស​អាច​នឹង​ដេក​ក្នុង​គុក​ដល់​ទៅ ១៥ឆ្នាំ។ អ្វី​ជា​ការ​កត់សម្គាល់ ការ​សោយរាជ្យ​រយៈពេល ១០ឆ្នាំ​ចុង​ក្រោយ​របស់​ព្រះចៅ​ភូមិបុល​បាន​ពើបប្រទះ​នឹង​វិបត្តិ​នយោបាយ​ហែកហួរ​ផ្ទៃក្នុង​យ៉ាង​ជ្រៅ​រវាង​ក្រុម​អាវ​លឿង និង​ក្រុម​អាវក្រហម។ វិបត្តិ​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​គ្មាន​ទីបញ្ចប់​ជាមួយ​នឹង​មហាក្សត្រ​ថ្មី​ដែល​មិន​សូវ​មាន​ប្រជាប្រិយភាព​ដូច​ព្រះបិតា និង​ដែល​ប្រជារាស្រ្ត​ថៃ​មិន​សូវ​ស្គាល់៕
ថៃ៖​ព្រះចៅ​ភូមិបុល អាប់ឌុលយ៉ាដេត​សោយទិវង្គត​ក្នុង​ព្រះជន្ម ៨៨ព្រះវស្សា ថៃ៖​ព្រះចៅ​ភូមិបុល អាប់ឌុលយ៉ាដេត​សោយទិវង្គត​ក្នុង​ព្រះជន្ម ៨៨ព្រះវស្សា Reviewed by Unknown on October 13, 2016 Rating: 5

No comments:

Flickr Widget

Powered by Blogger.